ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំ គាំទ្រ និងធានានិរន្តរភាពអន្លង់មេពូជ ស្រះជម្រកត្រីធម្មជាតិ និងសហគមន៍ព្រៃឈើ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ ២០២៦

កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការរៀបចំ គាំទ្រ និងធានានិរន្តរភាពអន្លង់មេពូជ ស្រះជម្រកត្រីធម្មជាតិ និងសហគមន៍ព្រៃឈើ
ថ្ងៃអង្គារ ៩រោច​ ខែជេស្ឋ​ ឆ្នាំមមី​ អដ្ឋស័ក​ ពុទ្ធសករាជ​ ២៥៧០​ ត្រូវនឹងទី៩ ខែមិថុនា ឆ្នាំ២០២៦
#សាលប្រជុំសែនក្រអូប៖​ លោក​ យឹម​ ណន​ ប្រធានមន្ទីរកសិកម្ម បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីនីតិវិធីការរៀបចំ គាំទ្រ និងធានានិរន្តរភាពអន្លង់មេពូជ ស្រះជម្រកត្រីធម្មជាតិ និងសហគមន៍ព្រៃឈើ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយមានការអញ្ជេីញចូលរួមពីតំណាងស្ថាប័ន និងមន្ទីរជំនាញពាក់ព័ន្ធជាច្រើន។
សមាសភាពចូលរួមក្នុងកិច្ចប្រជុំរួមមាន តំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត រតនាគារខេត្ត ទីចាត់ការផែនការ និងវិនិយោគ មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន និងមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងៗទៀត ដែលបានរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ និងផ្តល់ធាតុចូលលើនីតិវិធី និងយន្តការគាំទ្រសម្រាប់ការអភិរក្សធនធានជលផល និងធនធានធម្មជាតិនៅក្នុងខេត្ត។
កិច្ចប្រជុំនេះមានគោលបំណងសំខាន់ក្នុងការពិភាក្សា និងត្រៀមរៀបចំការបង្កើតតំបន់អភិរក្សអន្លង់ត្រីមេពូជ ស្រះជម្រកត្រីធម្មជាតិ និងសហគមន៍ព្រៃឈើ ដើម្បីជួយថែរក្សា និងបង្កើនធនធានជលផលឱ្យមានភាពសម្បូរបែប និងនិរន្តរភាព។
ជាមួយគ្នានេះដែរ កិច្ចប្រជុំក៏បានលើកយកការសិក្សាលទ្ធភាពនៃការប្រើប្រាស់កញ្ចប់ថវិកាថែទាំសេវាសង្គម និងអនាម័យបរិស្ថាន នៃមូលនិធិក្រុង ស្រុក និងមូលនិធិឃុំ សង្កាត់ ដើម្បីគាំទ្រដល់ការអនុវត្តសកម្មភាពអភិរក្ស និងការគ្រប់គ្រងតំបន់អភិរក្សទាំងនេះឱ្យមានប្រសិទ្ធភាព និងចីរភាព។
អន្លង់មេពូជ និងស្រះជម្រកត្រីធម្មជាតិ គឺជាទីជម្រក និងជាកន្លែងបន្តពូជដ៏សំខាន់សម្រាប់ប្រភេទត្រី និងសត្វទឹកនានា ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងការធានាសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋ។ ការរៀបចំ និងថែរក្សាតំបន់ទាំងនេះ មិនត្រឹមតែជួយការពារធនធានជលផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិរក្សជីវចម្រុះ ការការពារបរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានផងដែរ។
តាមរយៈកិច្ចប្រជុំពិគ្រោះយោបល់នេះ ភាគីពាក់ព័ន្ធបានបង្ហាញពីការប្តេជ្ញាចិត្ត និងកិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការរួមចំណែកគាំទ្រដល់ការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងនិរន្តរភាព ដើម្បីធានាបាននូវផលប្រយោជន៍រយៈពេលវែងសម្រាប់ប្រជាពលរដ្ឋ និងមនុស្សជំនាន់ក្រោយ។

ព័ត៌មានទាក់ទង