នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹង ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣
នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៣ សហវ ចុះថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២២ ស្ដីពីការអនុវត្ដច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអគ្គនាយកដ្ឋានថវិកា, អគ្គលេខាធិការដ្ឋានក្រសួង ព្រមទាំងតំណាងគ្រប់អង្គភាពថវិកាក្រោមឱវាទក្រសួង ទាំងថ្នាក់កណ្ដាល និង ថ្នាក់មូលដ្ឋាន។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយខ្លឹមសារសំខាន់ៗ នៃសារាចរណែនាំលេខ ០១៣ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ជូនអង្គភាពថវិកានៃ កសហវ ដើម្បីជំរុញប្រសិទ្ធភាព នៃការអនុវត្តថវិកាឆ្នាំ២០២៣ ក្នុងក្របខណ្ឌ កសហវ និង បង្ហាញអំពីទម្រង់ និង កាលបរិច្ឆេទ នៃការរៀបចំគម្រោងសម្រាប់ដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគសាធារណៈ ៣ ឆ្នាំរំកិល ២០២៤-២០២៦ របស់ កសហវ ស្របតាមនីតិវិធីជាធរមាន។
ឯកឧត្ដមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានសង្កត់ធ្ងន់ពី សារៈសំខាន់ និង ភាពចាំបាច់ នៃការរៀបចំឱ្យមានកិច្ចប្រជុំផ្សព្វផ្សាយនេះឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងរបស់អង្គភាពថវិកា ពីមុខងារភារកិច្ច និង សិទ្ធិអំណាចរបស់ខ្លួន ក៏ដូចជាពិភាក្សាផ្លាស់ប្ដូរមតិយោបល់ បទពិសោធន៍ និង ប្រមូលធាតុចូលល្អៗ សំដៅបង្កើនប្រសិទ្ធភាព សង្គតិភាព និង អនុលោមភាព នៃការអនុវត្ដថវិកា៕