ជ្រើសរើសភាសា: Khmer Khmer English English
ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំ សង្កាត់”
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី២២ ខែមេសា ឆ្នាំ ២០២៤

ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅរដ្ឋបាលឃុំសង្កាត់” ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ និងខេត្តកំពង់ធំ ចំនួន១៦៩នាក់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ចំណេះដឹងពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ឯកឧត្តមវ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ, លោកប្រធាន​មន្ទីរ​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ស្ពឺព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុនៅរដ្ឋបាលឃុំសង្កាត់, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និង ក្រសួងមុខងារសាធារណៈ បានដាក់អនុវត្តប្រកាសអន្តរក្រសួងលេខ ០០២ សហវ.ប្រក ចុះថ្ងៃទី០៤ ខែ មករា ឆ្នាំ ២០២២ ស្តីពី ការជ្រើសរើស និង ការកំណត់តួនាទី និង ភារកិច្ចរបស់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំ សង្កាត់ ដែលមានវិសាលភាព អនុវត្តចំពោះគ្រប់រដ្ឋបាលឃុំសង្កាត់ទូទាំងប្រទេស។ ក្នុងន័យនេះ ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាពជំនាញ និង លើកកម្ពស់ចំណេះដឹងសម្រាប់ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ដែលទើបត្រូវបានជ្រើសរើសថ្មី លើការងារ ពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយអគ្គនាយកដ្ឋានហិរញ្ញវត្ថុ រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈនៅរដ្ឋបាលឃុំសង្កាត់” ជូនជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ នៃខេត្តកំពង់ស្ពឺ និង ខេត្តកំពង់ធំនាថ្ងៃនេះ។
ក្នុងពិធីនេះ, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានលើកឡើងថា អស់រយៈពេលពីរឆ្នាំមកហើយដែលរដ្ឋបាលឃុំសង្កាត់មានជំនួយការហិរញ្ញវត្ថុ ជាសេនាធិការដល់មេឃុំចៅសង្កាត់លើការងាររៀបចំ របាយការណ៍ហិរញ្ញវត្ថុ, ការរៀបចំផែនការ និងគម្រោងថវិកាប្រចាំឆ្នាំ ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទោះបីជាជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ត្រូវបានជ្រើសរើសឡើងតាមរយៈការប្រឡងក្តី ក៏លទ្ធផលនៃការអនុវត្តការងារកន្លងមកបង្ហាញថា មន្រ្តីទាំងនោះ នៅមិនទាន់មានចំណេះដឹង និង បទពិសោធគ្រប់គ្រាន់លើការងាររដ្ឋបាលឃុំសង្កាត់ និង លើទិដ្ឋភាពបច្ចេកទេសខាងគណនេយ្យសាធារណៈ និងថវិកា នៅឡើយ ដែលការណ៍នេះ ទាមទារចាំបាច់នូវការបណ្តុះបណ្តាលបន្ថែមទៀត ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការកសាង និង ការអភិវឌ្ឍន៍សមត្ថភាពជំនាញវិជ្ជាជីវៈ សម្រាប់គាំទ្រ និង អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលជាកម្មវិធីអាទិភាពក្នុងចំណោមកម្មវិធីកែទម្រង់គន្លឹះរបស់រាជរដ្ឋាភិបាល សំដៅ “ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្អែកលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធផ្ដោតលើលទ្ធផលឬសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ” ។ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗគឺៈ ដំណាក់កាលទី១ ពីឆ្នាំ២០០៤ ដល់ ២០០៨ ក្នុងគោលដៅកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ ពីឆ្នាំ២០០៩ ដល់ ២០១៥ ក្នុងគោលដៅពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣ ក្នុងគោលដៅពង្រឹងការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ និង បច្ចុប្បន្ន ឈានដល់ដំណាក់កាលទី៤ (២០២៣ – ២០២៧) ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដែលជាដំណាក់កាលចុងក្រោយ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានយកចិត្តទុកដាក់លើការកសាង និងការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ និង បានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាលនិង វិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ក្នុងនោះ, ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ គឺជាក្រុមគោលដៅសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់, ពីព្រោះថា ជំនួយការហិរញ្ញវត្ថុរដ្ឋបាលឃុំសង្កាត់ ជាតួអង្គសំខាន់នៅរដ្ឋបាលឃុំសង្កាត់, ត្រូវបានបំពាក់ តួនាទី និង ភារកិច្ចស្នូលជាច្រើន ដូចជា រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករចំណូល, ភ្នាក់ងារបើកផ្ដល់, ជំនួយការមេឃុំចៅសង្កាត់ ក្នុងការរៀបចំផែនការ និង គម្រោងថវិកាប្រចាំឆ្នាំ ព្រមទាំងពិនិត្យ គ្រប់គ្រង និង តាមដានការអនុវត្តថវិកា ជាដើម ដែលតួនាទី និង ភារកិច្ចទាំងនេះ ចាំបាច់ត្រូវទទួលបានការបណ្ដុះបណ្ដាល និង វិក្រឹតការ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈ ។ កម្មវិធីបណ្ដុះបណ្ដាលដែលរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង អង្គភាពពាក់ព័ន្ធ នាពេលនេះ គឺជាកម្មវិធីដ៏សំខាន់ សម្រាប់កសាង និង អភិវឌ្ឍសមត្ថភាព នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដោយផ្តោតលើប្រធានបទ ដូចជាៈនីតិវិធីនៃការរៀបចំ និងអនុវត្តថវិកា, នីតិវិធីរជ្ជទេយ្យបុរេប្រទាន និងកិច្ចបញ្ជិកា, នីតិវិធីរជ្ជទេយ្យចំណូល និងកិច្ចបញ្ជិកា, កិច្ចលទ្ធកម្មសាធារណៈ, និង ការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ សំដៅលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារ នៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។

ព័ត៌មានទាក់ទង