ថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤
សិក្ខាសាលា “ ការវាយតម្លៃចំណាយសាធារណៈក្នុងការលើកកម្ពស់ការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ “ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង អ.គ.ហ.
ឯកឧត្ដម ស៊ីម រតនៈ អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ស្ពឺ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ត
ដោយមានការសម្របសម្រួលរៀបចំសិក្ខាសាលាពីសំណាក់មន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ដែលប្រព្រឹត្តទៅនៅសណ្ឋាគារ ផាម រីវើរ។
សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីតម្រង់ទិស និងប្រមូលទិន្នន័យ សម្រាប់ការវាយតម្លៃ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្ទីរអប់រំ យុវជន និងកីឡា, ប្រធានការិយាល័យអប់រំ យុវជន និងកីឡា, នាយកសាលារៀន គោលដៅ ហេរញ្ញិក និងគ្រូបង្រៀនចំនួន ២រូប/សាលារៀន។
កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការដោយរាជរដ្ឋាភិបាលកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០០៤ ក្នុងគោលបំណងកែប្រែជាជំហានៗ នូវប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធដែលផ្តោតលើធាតុចូល និងមានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោត លើលទ្ធផល ឬសមិទ្ធកម្ម និងមានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និងឧត្តមានុវត្តន៍អន្តរជាតិ។ ស្របតាមទិសដៅកែ-ទម្រង់ក្នុងដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) នឹងធ្វើការវាយតម្លៃប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ដែលជាបច្ច័យពីការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកន្លងមក ដើម្បីជាធាតុចូលសម្រាប់តម្រង់ទិសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត ក្នុងទិសដៅ ដើម្បីធ្វើឱ្យការផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែល្អ ប្រសើរថែមទៀត។